(ចុះផ្សាយនៅថ្ងៃ 28-07-2015, 10:48 am) | ដោយ : ទេព អ៊ីវិសាល 22130
នៅក្នុងឳកាសនៃខួបរំលឹកលើកទី៦២នៃការបញ្ចប់សង្គ្រាមនៅក្នុង ឧបទ្វីបកូរ៉េរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានទៅកាន់អាមេរិកដោយ បញ្ជាក់ថា“បើសង្គ្រាមនៅឧបទ្វីបកូរ៉េអាចកើតឡើងម្តងទៀតនោះ កូរ៉េខាងជើងនឹងមិនឲ្យមានជនជាតិអាមេរិកណាមួយមានជិវិតនោះទេ។នេះបើ យោងតាមភា្នក់ងារពត៌មាន KCNA។
ថ្ងៃទី២៧កក្កដាគឺជាថ្ងៃដែលកូរ៉េទាំងពីរបានបញ្ចប់នូវសង្គ្រាមរយៈពេល បីឆ្នាំពោលគឺចាប់ពីឆ្នាំ១៩៥០ដល់១៩៥៣។ ថ្វីត្បិតមិនមានសន្ធិសញ្ញាណាមួយត្រូវបានធ្វើឡើងដោយភាគីទាំងពីរ ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅក្នុងឧបទ្វីបកូរ៉េក៏ដោយ២៧កក្កដា បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រដែលកូរ៉េខាងជើងបានចាត់ទុកថាជាថ្ងៃ ជ័យជំនះទៅលើចក្រពត្តិអាមេរិកជាមួយនឹងកូរ៉េខាងត្បូងនិងអង្គការស ប្រជាជាតិផងដែរ។
ឆ្លៀតឱកាសនៃថ្ងៃប្រវត្តិសាស្ត្រដែលមានវត្តមានអតីតយោធានិងមន្ត្រី កំពុងបម្រើការរាប់ពាន់នាក់លោកប្រធានាធិបតីវ័យក្មេងគីមជុងអ៊ុនបាន រិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនយ៉ាងចាស់ដៃ។ ជាមួយគ្នានេះលោកក៏បានទទួចក្មេងជំនាន់ក្រោយត្រូវតែបណ្តុះស្មារតី ការពារជាតិដូចដែលអតីតយោធាជើងចាស់បានធ្វើក្នុងពេលសង្គ្រាម។
ស្របពេលដែលលោកបានលើកឡើងពីការវិវត្តន៍នៃអាវុធនុយក្លេអ៊ែរមេដឹកនាំ កំពូលរូបនេះក៏បានផ្ញើរសារទៅកាន់សហរដ្ឋអាមេរិកដែលតែងតែចេញ គោលនយោបាយប្រឆាំងជាមួយនឹងកូរ៉េខាងជើងផងដែរ។ លោកបានបញ្ជាក់ថាសហរដ្ឋមេរិកមិនមែនជាការគំរាមកំហែងនិងការភ័យ សម្រាប់កូរ៉េខាងជើងទៀតនោះទេតែពេលនេះកូរ៉េខាងជើងទើបជាប្រភពដ៏គួរ ឲ្យខ្លាចទៅកាន់សហរដ្ឋអាមេរិក។
អ្វីដែលគួរកត់សម្គាល់នោះលោកឧត្តមសេនីយ៍យោធាYong-sikបានថ្លែងការណ៍ ដាច់ដោយឡែកពីលោកគីមជុងអ៊ុនទៅកាន់មន្ត្រីការទូតនិងអតីតយោធាពី បញ្ហានេះដែរ។ក្នុងនោះលោកបញ្ជាក់ថាបើសិនអាមេរិកមិនបោះបង់គោលនយោបា ប្រឆាំងនឹងក្រុងព្យុងយ៉ាងនិងព្យាយាមទាញឲ្យមានសង្គ្រាមនៅក្នុង ឧបទ្វីបកូរ៉េនោះទេកូរ៉េខាងជើងនឹងត្រៀមដើម្បីប្រយុទ្ធរហូតដល់គ្មាន នរណាម្នាក់នៅសល់ដើម្បីចុះហត្ថលេខាលើឯកសារចុះចាញ់។
គួរបញ្ជាក់ផងដែរ ក្រោយពីបញ្ចប់អាណានិគមដោយជប៉ុន ឧបទ្វីបកូរ៉េត្រូវបានបែងចែកជាពីរ នៅក្នុងឆ្នាំ១៩៤៥ ដែលមានកូរ៉េខាងជើង និង កូរ៉េខាងត្បូង។ ដោយសារ មានមនោគមវិជ្ជា និង ការគាំទ្រពីសំណាក់មហាអំណាចផ្ទុយគ្នា ពោលគឺកូរ៉េខាងជើង មានការគាំទ្រដោយអតីត សហភាពសូវៀត និង កូរ៉េខាងត្បូងមានគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសទាំងពីរក៏បាន ផ្ទុះសង្គ្រាមនៅក្នុងអំឡុងឆ្នាំ១៩៥០ ដល់ ១៩៥៣ ។ យ៉ាងណាមិញ សង្គ្រាមត្រូវបានបញ្ចប់ នៅឆ្នាំ១៩៥៣មែន ក៏ប៉ុន្តែផ្នត់គំនិតរបស់កូរ៉េខាងជើង និងអាមេរិក គឺនៅតែប្រឆាំងគ្នា ដែល បានឈានដល់ភាពតានតឹងរហូតមកដល់បច្ចុប្បន្ន៕
Sign up here with your email